ពេលដែលគួរ ឲ្យខ្មាស់អៀន
ពន្លឺភ្លើងពិលដែលបញ្ចាំងចេញ ពីឡានរបស់ប៉ូលីស បាននាំឲ្យខ្ញុំផ្តោតអារម្មណ៍ មកលើអ្នកបើកឡានម្នាក់ ដែលប៉ូលីសឲ្យគាត់អែបខាង ដោយសារគាត់បានបំពានច្បាប់ចរាចរណ៍។ ពេលដែលមន្ត្រីប៉ូលីសកាន់សៀវភៅផាកពិន័យ ដើរត្រឡប់មកឡានរបស់គាត់វិញ ខ្ញុំអាចមើលឃើញយ៉ាងច្បាស់ថា អ្នកបើកបរកំពុងអង្គុយ ដោយភាពអៀនខ្មាស់ និងអស់សង្ឃឹម នៅពីក្រោយចង្កូតឡាន។ នាងខំខ្ទប់មុខខ្លួនឯង មិនឲ្យអ្នកដំណើរដែលបើកបរកាត់តាមនោះឃើញ ដោយសង្ឃឹមថានឹងអាចលាក់អត្តសញ្ញាណរបស់ខ្លួន។
សកម្មភាពរបស់នាងបានធ្វើឲ្យខ្ញុំសួរខ្លួនឯងថា តើយើងអាចមានការខ្មាសអៀនប៉ុណ្ណា ពេលដែលគេឃើញយើងទទួលលទ្ធផលអាក្រក់ ដោយសារការសម្រេចចិត្តខុស។ ពេលដែលគេយកស្រ្តីមានកំហុសម្នាក់ មកដាក់នៅចំពោះមុខព្រះយេស៊ូវ គេបានបង្ហាញឲ្យបណ្តាជនដឹងអំពីអំពើផឹតក្បត់ដែលនាងបានប្រព្រឹត្ត ហើយពេលនោះ បណ្តាជនមិនគ្រាន់តែឈរមើលប៉ុណ្ណោះទេ គឺថែមទាំងបានទាមទាឲ្យដាក់ទោសនាងផងដែរ ប៉ុន្តែ ព្រះយេស៊ូវបានបង្ហាញនូវសេចក្តីមេតា្តចំពោះនាង។ មានតែព្រះអង្គទេ ដែលមានសិទ្ធិកាត់ទោសអំពើបាបរបស់នាង តែព្រះអង្គបានឆ្លើយតបចំពោះនាង ដោយក្តីអាណិត។ បន្ទាប់ពីព្រះអង្គបានធ្វើឲ្យអ្នកចោទប្រកាន់ទាំងនោះ ចេញទៅអស់ហើយ ព្រះអង្គមានបន្ទូលទៅកាន់នាងថា “ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ”(យ៉ូហាន ៨:១១)។
ក្តីអាណិតរបស់ព្រះអង្គបានរំឭកយើង អំពីព្រះគុណរបស់ព្រះអង្គ ដែលអត់ទោសបាប ហើយព្រះរាជបញ្ជាដែលព្រះអង្គមានចំពោះនាង បានបង្ហាញអំពីបំណងព្រះទ័យដ៏អស្ចារ្យរបស់ព្រះអង្គ ដែលចង់ឲ្យយើងរស់នៅ ដោយអំណរនៃព្រះគុណរបស់ព្រះអង្គ។ ធាតុផ្សំទាំងពីរនេះ បានបង្ហាញអំពីជម្រៅនៃព្រះទ័យ ដែលព្រះគ្រីស្ទមានចំពោះយើង ពេលដែលយើងជំពប់ដួល។
សូម្បីតែនៅក្នុងពេលដែលយើងមានភាពអាម៉ាស់បំផុត ដោយសារកំហុសរបស់យើង ក៏យើងនៅតែអាចស្រែកអំពាវរកព្រះអង្គ ហើយរកឃើញថា ព្រះគុណព្រះអង្គពិតជាអស្ចារ្យមែន។ —Bill Crowder
ចូរស្ងប់រំងាប់
ខ្សែភាពយន្ត ដែលមានចំណងជើងថា រទេះអគ្គី ជារឿងដែលបានរំឭកដល់ដំណើរជីវិតរបស់លោកអេរិក លីឌែល(Eric Liddle) ដែលជាកីឡាករដែលបានទទួលមេដាយមាស ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ១៩២៤ នៅទីក្រុងបារីស មុនពេលគាត់ចេញទៅធ្វើការជាបេសកជន នៅប្រទេសចិន។ ជាច្រើនឆ្នាំក្រោយមក ពេលដែលសង្រ្គាមលោកលើកទីពីរបានផ្ទុះឡើង លោកលីឌែលក៏បានបញ្ជូនគ្រួសារគាត់ ទៅរកកន្លែងសុវត្តិភាព ក្នុងប្រទេសកាណាដា តែគាត់នៅបន្តរស់នៅក្នុងប្រទេសចិន។ មិនយូរប៉ុន្មាន គេក៏បានចាប់លោកលីឌែល និងបេសកជនបរទេសដទៃទៀត ដាក់ក្នុងជំរុំឃុំឃាំងរបស់ប្រទេសជប៉ុន។ បន្ទាប់ពីគាត់បានរស់នៅក្នុងមន្ទីឃុំឃាំង អស់រយៈពេលជាច្រើនខែក្រោយមក គាត់ក៏បានមានបញ្ហាសុខភាព ហើយគ្រូពេទ្យពិនិត្យឃើញថា គាត់ប្រហែលជាមានសាច់ដុះក្នុងខួរក្បាល។ ជារៀងរាល់ពេលល្ងាចថ្ងៃអាទិត្យ មានក្រុមភ្លេងមួយក្រុម បានមកលេងភ្លេងនៅក្បែរមន្ទីរពេទ្យ ដូចនេះ គាត់ក៏បានសុំឲ្យគេលេងបទ “ចូរស្ងៀមនៅ ឱវិញ្ញាណខ្ញុំអើយ”។ ខ្ញុំគិតថា ពេលដែលគាត់កំពុងស្តាប់បទនេះ គាត់ក៏ប្រាកដជាជញ្ជឹងគិត អំពីអត្ថន័យនៃបទនេះ ដែលមានខ្លឹមសារដូចតទៅនេះថា ចូរស្ងប់រំងាប់ ឱវិញ្ញាណខ្ញុំអើយ : ពេលវេលាកន្លងទៅយ៉ាងឆាប់រហ័ស / តើពេលណា យើងនឹងបានទៅនៅជាមួយព្រះអម្ចាស់ជារៀងរហូត / ពេលដែលការខកចិត្ត ការសោកសង្រេង និងការភ័យខ្លាចរលាយបាត់អស់ / ចូរបំភ្លេចទុក្ខព្រួយ ក្តីអំណររបស់ក្តីស្រឡាញ់កើតមានជាថ្មី / ចូរស្ងប់រំងាប់ ឱវិញ្ញាណខ្ញុំអើយ ពេលដែលការផ្លាស់ប្រែ និងទឹកភ្នែកកន្លងផុតទៅ / យើងនឹងជួបតែសេចក្តីសុខ និងព្រះពរ…
ភាពអស្ចារ្យ!
ពេលដែលយន្តហោះ ដែលខ្ញុំធ្វើដំណើរចាប់ផ្តើមបន្ទាបខ្លួន ដើម្បីចុះចត អ្នកបម្រើក្នុងយន្តហោះបានអានពត៌មានដ៏វែង ដើម្បីជូនដំណឹងដល់អ្នកដំណើរទាំងឡាយ អំពីការធ្វើដំណើរមកដល់គោលដៅនោះ។ ការអានរបស់នាងហាក់ដូចជាបង្ហាញថា នាងបានអានពត៌មាននោះ១ពាន់ដងហើយ នៅថ្ងៃនោះ បានជានាងគ្មានអារម្មណ៍ ឬចំណាប់អារម្មណ៍ នៅក្នុងការអានសោះ ខណៈពេលដែលនាងកំពុងអានដោយសម្លឹងហឹមៗ អំពីការធ្វើដំណើរមកដល់របស់យើង។ បន្ទាប់មក នាងក៏បានប្រើសម្លេងដែលហត់នឿយ គ្មានទឹកចិត្តដដែលនោះ ដើម្បីបញ្ចប់ការជូនដំណឹងនោះថា “សូមជូនពរលោកលោកស្រី ឲ្យមានថ្ងៃដ៏អស្ចារ្យ”។ ការលើកដាក់សម្លេងរបស់នាង ផ្ទុយពីពាក្យសម្តីដែលនាងនិយាយ។ នាងប្រើពាក្យ “អស្ចារ្យ” តែនាងមិនបានលើកដាក់សម្លេង ឲ្យត្រូវនឹងពាក្យហ្នឹងទេ។
ជួនកាល ខ្ញុំក៏ខ្លាចយើងមានទំនាក់ទំនងជាមួយព្រះ ដោយអាកប្បកិរិយ៉ាយ៉ាងដូចនេះផងដែរ គឺទំនាក់ទំនងជាមួយព្រះ ដើម្បីតែបង្គ្រប់កិច្ច ដោយការធុញទ្រាន់ ដោយការសោះអង្គើយ ឬដោយមិនមានចំណាប់អារម្មណ៍។ តាមរយៈព្រះគ្រីស្ទ យើងមានអភ័យឯកសិទ្ធិដ៏អស្ចារ្យ ដែលបានក្លាយជាសមាជិករបស់គ្រួសារនៃព្រះដ៏រស់ តែជាញឹកញាប់ យើងហាក់ដូចជាមិនបង្ហាញនូវអាកប្បកិរិយ៉ា ដែលបញ្ជាក់ថា អភ័យឯកសិទ្ធិនោះពិតជាអស្ចារ្យចំពោះយើងមែនឡើយ។
មានពេលមួយ លោកយ៉ូបបានទូលសួរព្រះ អំពីទុក្ខវេទនារបស់គាត់ ប៉ុន្តែ ពេលដែលព្រះអង្គសួរគាត់វិញ គាត់ក៏បានបន្ទាបខ្លួន ចំពោះភាពអស្ចារ្យនៃព្រះអាទិករ និងស្នាព្រះហស្តរបស់ព្រះអង្គ។ លោកយ៉ូបតបទៅព្រះអង្គវិញថា “តើអ្នកណានេះដែលបង្អាប់ព្រះដំរិះ ដោយឥតប្រាជ្ញាដូច្នេះ គឺទូលបង្គំនេះឯងបានពោលពាក្យ ដែលទូលបង្គំមិនបានយល់ ជាសេចក្តីដែលអស្ចារ្យហួសល្បត់ទូលបង្គំ ដែលទូលបង្គំមិនបានស្គាល់ឡើយ”(យ៉ូប ៤២:៣)។
ខ្ញុំចង់ឲ្យចិត្តរបស់ខ្ញុំ មានពេញដោយការស្ងើចសរសើរ ចំពោះភាពអស្ចារ្យរបស់ព្រះ។…
ថ្មខូអាដេ
នៅទូទាំងទីក្រុងឡុងទាំងមូល មានរូបចម្លាក់ និងវត្ថុផ្សេងៗជាច្រើន ដែលគេបានធ្វើពីគ្រឿងសំណង់ដ៏ពិសេសមួយប្រភេទ ដែលគេហៅថា ថ្មខូអាដេ(Coade)។ ថ្មសិប្បនិម្មតប្រភេទនេះ ត្រូវបានបង្កើតដោយអ្នកស្រីអេលេន័រ ខូអាដេ(Eleanor Coade) សម្រាប់មុខជំនួញប្រចាំគ្រួសាររបស់គាត់ ក្នុងចុងទសវត្សរ៍ឆ្នាំ ១៧០០។ វាមានភាពរឹងមាំអាចធន់នឹងពេលវេលា អាកាសធាតុ និងការបំពល់បរិស្ថាន ដែលបង្ករដោយមនុស្ស។ ទោះបីជាថ្មខូអាដេ ជាអច្ឆរយវត្ថុក្នុងអំឡុងសម័យបដិវត្តន៍ឧស្សាហកម្មក៏ដោយ ក៏គេបានឈប់ប្រើថ្មប្រភេទនេះ ក្នុងទសវត្ស៍ឆ្នាំ ១៨៤០ បន្ទាប់ពីអ្នកស្រីអេលេន័របានលាចាកលោក ហើយគេក៏បានប្រើស៊ីម៉ង់ ជាគ្រឿងសំណង់ជំនួសវិញ។ ទោះបីជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ នៅមានសំណង់រាប់សិបកន្លែង ដែលគេបានសង់ពីថ្មខូអាដេ ដ៏រឹងមាំដូចសេរ៉ាមិក ដែលបានធន់នឹងបរិស្ថានដ៏អាក្រក់នៃទីក្រុងឡុង អស់រយៈពេលជា១៥០ឆ្នាំហើយ។
យ៉ាងណាមិញ សាវ័កប៉ុលបានរៀបរាប់ថា ព្រះយេស៊ូវជាថ្មដ៏រស់។ គាត់បានមានប្រសាសន៍ថា “អ្នករាល់គ្នា ដែលកំពុងតែមកឯទ្រង់ដ៏ជាថ្មរស់ ដែលមនុស្សបានបោះបង់ចោលចេញ តែព្រះបានជ្រើសរើស ហើយរាប់ជាវិសេសវិញ នោះអ្នករាល់គ្នាក៏បានស្អាងឡើង ដូចជាថ្មរស់ដែរ ឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ”(១ពេត្រុស ២:៤-៥)។ ព្រះយេស៊ូវជាថ្មដានៃសេចក្តីសង្រ្គោះរបស់យើង ដែលបានបូជាព្រះជន្មរបស់ព្រះអង្គ ជាទីគាប់ព្រះនេត្រនៃព្រះវរបិតា។ ព្រះគ្រីស្ទជាថ្មដាដ៏ស្ថិតស្ថេរ ដែលព្រះវរបិតាបានប្រើជាគ្រឹះនៃសេចក្តីជំនឿរបស់យើង ហើយជាគ្រឹះនៃជីវិតដ៏មានន័យ(១កូរិនថូស ៣:១១)។
ទាល់តែជីវិតយើងត្រូវបានសង់ឡើង នៅលើកម្លាំងរបស់ព្រះអង្គ ទើបយើងអាចធន់នឹងទុក្ខលំបាកនៃជីវិត ក្នុងលោកិយដែលពេញដោយអំពើបាបនេះ។—Bill Crowder
ការធ្វើជាស្មរបន្ទាល់
កាលខ្ញុំនៅវ័យជំទង់ ខ្ញុំបានឃើញហេតុការណ៍ឡានបុកគ្នា ដោយផ្ទាល់ភ្នែក។ វាជាបទពិសោធន៍ដ៏រន្ធត់ចិត្ត ដែលរួមផ្សំនឹងការអ្វីដែលកើតឡើង បន្ទាប់ពីហេតុការណ៍នោះ។ ដោយសារខ្ញុំជាសាក្សីតែម្ចាក់គត់ ដែលបានឃើញហេតុការណ៍នោះ ខ្ញុំបានចំណាយពេលរៀបរាប់ប្រាប់មេធាវីទាំងឡាយ និងបុគ្គលិកក្រុមហ៊ុនធនារ៉ាប់រង អស់ពេលរាប់ខែ អំពីការអ្វីដែលខ្ញុំបានឃើញ នៅថ្ងៃនោះ។ គេមិនបានរំពឹងឲ្យខ្ញុំពន្យល់ អំពីហេតុការណ៍នៃការបុកគ្នានោះ តាមបែបរូបវិទ្យា ឬបកស្រាយជាលម្អិត តាមបែបវេជ្ជសាស្រ្ត អំពីគ្រោះថ្នាក់ដែលជនរងគ្រោះបានទទួលរងនោះដែរ។ គេគ្រាន់តែបានសុំឲ្យខ្ញុំប្រាប់ពួកគេ នូវការអ្វីដែលខ្ញុំបានឃើញ ក្នុងហេតុការណ៍នោះប៉ុណ្ណោះ។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងត្រូវបានត្រាសហៅ ឲ្យធ្វើជាសាក្សី ឬស្មរបន្ទាល់ នៃការអ្វីដែលព្រះយេស៊ូវបានធ្វើ ក្នុងជីវិតយើង និងសម្រាប់យើង។ ដើម្បីនាំមនុស្សឲ្យជឿព្រះយេស៊ូវ យើងមិនចាំបាច់ត្រូវមានសមត្ថភាពពន្យល់អំពីបញ្ហាទេវសាស្រ្តនីមួយៗ ឬឆ្លើយសំណួរទាំងអស់ ដែលគេអាចចោទសួរនោះក៏បាន។ ការអ្វីដែលយើងត្រូវធ្វើ គឺត្រូវពន្យល់ អំពីការអ្វីដែលយើងបានដកពិសោធ ក្នុងជីវិតយើង តាមរយៈឈើឆ្កាង និងការរស់ឡើងវិញ នៃព្រះសង្រ្គោះនៃយើង។ ហើយដែលកាន់តែល្អជាងនេះទៀតនោះ គឺយើងមិនចាំបាច់ត្រូវពឹងផ្អែកទៅលើសមត្ថភាពខ្លួនឯង ដើម្បីធ្វើបន្ទាល់ឡើយ។ ព្រះយេស៊ូវបានមានបន្ទូលថា “កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(កិច្ចការ ១:៨)។
កាលណាយើងពឹងផ្អែកលើអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ យើងអាចនាំលោកិយដែលកំពុងឈឺចាប់ ឲ្យងាកទៅរកព្រះយេស៊ូវ ដែលជាព្រះដ៏ប្រោសលោះ។ ហើយអាចពឹងផ្អែកលើជំនួយរបស់ព្រះអង្គ ដើម្បីធ្វើបន្ទាល់ អំពីព្រះវត្តមាននៃព្រះអង្គ ក្នុងជីវិតយើង…
ផ្លូវនៃប្រាជ្ញា
គេថា លោកអាល់ប៊ើត អានស្តាញ (Albert Einstein) ធ្លាប់មានប្រសាសន៍ថា “មានតែការពីរយ៉ាងគត់ ដែលឥតមានដែនកំណត់ នោះគឺចក្រវាល និងភាពល្ងង់ខ្លៅរបស់មនុស្ស ហើយខ្ញុំមិនដឹងច្បាស់ អំពីចក្រវាលទេ”។ គួរឲ្យស្តាយណាស់ ដែលមានពេលច្រើនដងពេកហើយ ដែលយើងចេះតែបណ្តោយខ្លួន ឲ្យធ្លាក់ចូលក្នុងភាពល្ងង់ខ្លៅដែលគ្មានព្រំដែន ឬទទួលរងការខូចខាត ដែលយើងបង្ករឡើង ដោយសារភាពល្ងង់ល្ងើរបស់យើង និងដោយការសម្រេចចិត្ត ដោយភាពល្ងង់ខ្លៅនោះ។
ពេលដែលស្ដេចដាវីឌកំពុងមានវិប្បដិសារី ទ្រង់បានទូលថ្វាយនូវទុក្ខលំបាក និងការត្អូញត្អែររបស់ទ្រង់ ទៅចំពោះព្រះ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៣៨។ ទ្រង់បានរំឭកឡើងវិញ អំពីកំហុសរបស់ទ្រង់ និងអំពីផលលំបាកដ៏ឈឺចាប់ ដែលទ្រង់កំពុងរងទ្រាំ ដោយសារតែកំហុសទាំងនោះ ហើយទន្ទឹមនឹងនោះ ស្ដេចអង្គនេះ ដែលធ្លាប់ជាអ្នកគង្វាលចៀម បានមានបន្ទូលដ៏មានន័យថា “អស់ទាំងរបួសនៃទូលបង្គំ សុទ្ធតែរលួយ ហើយស្អុយ ដោយព្រោះអំពើឆោតខ្លៅរបស់ទូលបង្គំ”(ខ.៥)។ ទោះបីជាអ្នកនិពន្ធទំនុកដំកើងរូបនេះ មិនបាននិយាយលំអិត អំពីការសម្រចចិត្តខុសរបស់ខ្លួន ឬអំពីរបួសដែលកាន់តែឈឺចាប់ក៏ដោយ ក៏យើងនៅតែអាចដឹងច្បាស់ថា ទ្រង់បានទទួលស្គាល់ថា សេចក្តីឆោតល្ងង់របស់ទ្រង់ គឺជាឫសគល់នៃបញ្ហាទាំងអស់នោះឯង។
ដើម្បីជម្នះភាពឆោតល្ងង់ ដែលអាចនាំឲ្យហិនវិនាស យើងត្រូវឱបក្រសោបយកប្រាជ្ញារបស់ព្រះ។ បទគម្ពីរសុភាសិត ៩:១០ បានរំឭកយើងថា “សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា ជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល”។ ទាល់តែយើងអនុញ្ញាតឲ្យព្រះទ្រង់ផ្លាស់ប្រែយើងសិន…
សេចក្តីមេត្តាករុណាដែលមិនចេះផុតឡើយ
ខណៈដែលខ្ញុំកំពុងដើរលេង កាត់តាមអាកាសយាន្តដ្ឋាន អូ ហ៊ែរ នៃទីក្រុងឈិកាហ្គោ ខ្ញុំបានចាប់អារម្មណ៍នឹងមួកមួយ ដែលមនុស្សម្នាក់បានពាក់ ខណៈពេលដែលគាត់ប្រញាប់ប្រញាល់ធ្វើដំណើរ កាត់ទីលានក្នុងអាកាសយាន្តដ្ឋាន។ អ្វីដែលទាក់ទាញចំណាប់អារម្មណ៍ របស់ខ្ញុំនោះ គឺពាក្យពីរបីម៉ាត់ ដែលគេសរសេរនៅលើមួកនោះថា : “ចូរបដិសេធអ្វីៗគ្រប់យ៉ាង”។ ពេលនោះខ្ញុំឆ្ងល់ ថាពាក្យនោះ មានន័យដូចម្ដេច។ តើយើងត្រូវបដិសេធមិនទទួលកំហុសរបស់យើងឬ? ឬក៏បដិសេធមិនព្រមទទួលភាពសប្បាយរីករាយ និងភាពស្ដុកស្ដម្ភក្នុងជីវិតនេះ? ខ្ញុំក៏អេះក្បាល ទាំងឆ្ងល់អំពីអាថ៌កំបាំងនៃពាក្យដ៏សាមញ្ញនោះ ដែលគេបានសរសេរថា “ចូរបដិសេធអ្វីៗគ្រប់យ៉ាង”។
មានពេលមួយ សិស្សរបស់ព្រះយេស៊ូវម្នាក់ គឺលោកស៊ីម៉ូន-ពេត្រុស ក៏បានធ្វើការបដិសេធន៍។ ពេលគាត់កំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ គាត់បានបដិសេធបីដង ថាមិនដែលស្គាល់ព្រះយេស៊ូវទេ!(លូកា ២២:៥៧,៥៨,៦០)។ ការដែលគាត់បានបដិសេធព្រះយេស៊ូវ ដោយសារការភ័យខ្លាចនោះ បានបណ្ដាលឲ្យគាត់ប្រកាន់ទោសខ្លួនឯង និងមានការឈឺចាប់ណាស់ ហើយដោយព្រោះតែកំហុសខាងព្រលឹងវិញ្ញាណនេះ គាត់ក៏បានចេញទៅក្រៅ ហើយទួញយំម្នាក់ឯង(ខ.៦២)។ ប៉ុន្តែការបដិសេធន៍ដែលពេត្រុសមានចំពោះព្រះយេស៊ូវ ក៏ដូចជាការបដិសេធន៍ខាងឯព្រលឹងវិញ្ញាណរបស់យើង មិនអាចកាត់បន្ថយសេចក្តីមេត្តាករុណារបស់ព្រះឡើយ។ លោកហោរាយេរេមា បានសរសេរថា “ដោយសារសេចក្តីសប្បុរសនៃព្រះយេហូវ៉ា នោះយើងមិនបានសូន្យបាត់អស់រលីងឡើយ ពីព្រោះសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្ដីស្មោះត្រង់របស់ទ្រង់ធំណាស់”(បរិទេវ ៣:២២-២៣)។ យើងអាចសង្ឃឹមជានិច្ចថា សូម្បីតែនៅពេលដែលយើងបរាជ័យក៏ដោយ ក៏ព្រះដ៏ស្មោះត្រង់នៃយើង នៅតែយាងមករកយើង ដោយសេចក្តីមេត្តា និងក្តីអាណិត…
ជិតស្កប់ចិត្តមែនទេ?
ពេលដែលខ្ញុំបោះជំហានដើរចូលកន្លែងចតរថយន្ត របស់ភោជនីយដ្ឋាន បន្ទាប់ពីញាំអាហារថ្ងៃត្រង់ហើយ ខ្ញុំក៏បានឃើញរថយន្តភិកអាប់ មួយគ្រឿង កំពុងតែបោះពួយយ៉ាងលឿនកាត់តាមចំណត ដែលរថយន្តជាច្រើនកំពុងចតនៅទីនោះ។ ខណៈពេលដែលខ្ញុំកំពុងសង្កេតមើលអ្នកបើកបរដែលគ្មានការប្រុងប្រយ័ត្ននេះ ខ្ញុំក៏កត់សំគាល់ឃើញថា ពីលើស្លាកលេខខាងមុខរបស់រថយន្តនោះ មានអក្សរសរសេរថា “ជិតស្កប់ចិត្ត”។ ខ្ញុំក៏បានគិតថា តើពាក្យមួយឃ្លានេះ ចង់មានន័យថាដូចម្តេច។ បន្ទាប់មក ខ្ញុំក៏បានសន្និដ្ឋានថា ពាក្យថា “ជិតស្កប់ចិត្ត” ជាពាក្យមិនពិត។ មនុស្សយើងមានពេលដែលស្កប់ចិត្ត ឬមិនស្កប់ចិត្តតែម្ដង តែយើងមិនដែលជិតស្កប់ចិត្តឡើយ។
ខ្ញុំបានទទួលស្គាល់ថា ការស្កប់ចិត្ត មិនមែនជារឿងងាយស្រួលឡើយ។ យើងកំពុងរស់នៅក្នុងលោកីយ៍មួយ ដែលចេះតែបំពេញសេចក្តីប៉ងប្រាថ្នាផ្ទាល់ខ្លួន ថែមហើយថែមទៀត បានជាយើងស្ទើរតែមិនអាចស្កប់ចិត្ត នឹងការអ្វីមួយបានឡើយ។ តែ រឿងនេះមិនមែនទើបតែកើតមានក្នុងសម័យយើងនេះទេ។ កណ្ឌគម្ពីរហេព្រើរបានលើកឡើងអំពីបញ្ហានេះ យ៉ាងដូចនេះថា “ចូរឲ្យកិរិយាដែលអ្នករាល់គ្នាប្រព្រឹត្ត បានឥតលោភឡើយ ឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះចុះ ដ្បិតទ្រង់មានព្រះបន្ទូលថា អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ”(១៣:៥)។
ដើម្បីជម្នះចិត្តដែល “ចេះតែចង់បានអ្វីៗទាំងអស់” យើងត្រូវស្វែងរកការស្កប់ចិត្ត ដែលមាននៅក្នុងព្រះវត្តមាននៃព្រះដ៏មានព្រះជន្មរស់។ ព្រះអង្គអាចបំពេញសេចក្តីត្រូវការ និងការចង់បានរបស់យើង យ៉ាងគ្រប់គ្រាន់ ហើយមានតែព្រះអង្គទេ ដែលអាចឲ្យយើងមានសន្តិភាពក្នុងចិត្ត និងការស្កប់ចិត្ត ដែលយើងមិនអាចរកបាន ក្នុងការដេញតាមអ្វីៗ ក្នុងជីវិតនេះ។
តើយើងជិតស្កប់ចិត្តហើយមែនទេ? ទេ នេះជារឿងដែលមិនដែលកើតមានឡើយ។ នៅក្នុងព្រះគ្រីស្ទ យើងអាចស្គាល់ការស្កប់ចិត្តដ៏ពិតបាន។—Bill Crowder
ការយកចិត្តទុកដាក់ដ៏លើសលប់
ថ្មីៗនេះ ខ្ញុំបាននិពន្ធអត្ថបទមួយ ស្តីអំពីម៉ាលីន(Mar-lene)ភរិយារបស់ខ្ញុំ និងអំពីការដែលនាងតយុទ្ធនឹងរោគវិលមុខ។ ពេលដែលខ្ញុំចែកផ្សាយអត្ថបទមួយនេះ ខ្ញុំមិនបាននឹកស្មានសោះថា មានការឆ្លើយតបដ៏ច្រើនសណ្ឋិក ពីសំណាក់អ្នកអាចជាច្រើន ដែលបានផ្តល់ការលើកទឹកចិត្ត ជំនួយ យោបល ហើយពួកគេភាគច្រើនយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់នាង។ ខ្ញុំបានទទួលការឆ្លើយតបទាំងនោះ មកពីគ្រប់ទិសទីក្នុងពិភពលោក គឺទទួលបានពីមនុស្សគ្រប់ប្រភេទ។ មានមនុស្សកាន់តែច្រើនឡើងៗ បានបង្ហាញចេញនូវការយកចិត្តទុកដាក់ ដោយសេចក្តីស្រឡាញ់ ចំពោះភរិយារបស់ខ្ញុំ បានជាយើងមិនអាចឆ្លើយតបទៅពួកគេវិញ ឲ្យបានគ្រប់គ្នា។ យើងមានចិត្តរំភើបរីករាយឥតឧបមារ ពេលដែលបានឃើញរូបកាយព្រះគ្រីស្ទ ឆ្លើយតបចំពោះការតយុទ្ធរបស់ម៉ាលីន យ៉ាងដូចនេះ។ យើងនៅតែមានការដឹងគុណ ដ៏ជ្រាលជ្រៅជានិច្ច ចំពោះសណ្តានចិត្តរបស់ពួកគេ។
នេះហើយជារបៀបដែលរូបកាយព្រះគ្រីស្ទ គួរតែប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកនោះ។ ការយកចិត្តទុកដាក់ ដោយសេចក្តីស្រឡាញ់ ចំពោះបងប្អូនប្រុសស្រី ក្នុងព្រះគ្រីស្ទ គឺជាភស្តុតាង ដែលបញ្ជាក់ថា យើងបានពិសោធនឹងសេចក្តីស្រឡាញ់របស់ព្រះអង្គហើយ។ ជាក់ស្តែង ពេលដែលព្រះអង្គជួបជុំជាមួយពួកសាវ័ក ក្នុងពិធីលៀងព្រះអម្ចាស់ ព្រះអង្គបានប្រាប់ពួកគេថា “ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក”(យ៉ូហាន ១៣:៣៤-៣៥)។
ខ្ញុំ និងភរិយារបស់ខ្ញុំបានពិសោធនឹងគំរូនៃសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ ដូចព្រះគ្រីស្ទ ក្នុងសំបុត្រដែលយើងបានទទួល។ សូមយើងបង្ហាញសេចក្តីស្រឡាញ់ប្រភេទនេះ ចំពោះអ្នកដទៃផងដែរ ដោយជំនួយពីព្រះសង្រ្គោះនៃយើង និងដើម្បីសរសើរដំកើងព្រះអង្គ។—Bill Crowder
អំណោយនៃពន្លឺ
លោកគ្រីស្តូហ្វ័រ រែន(Christopher Wren) បានរចនា និងសាងសង់សំណង់អគារព្រះវិហារ ជាង៥០កន្លែង ក្នុងទីក្រុងឡុង ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ ១៦០០។ រចនាបទនៃការសាងសង់របស់គាត់ មានលក្ខណៈពិសេសដ៏គួរឲ្យចាប់អារម្មណ៍ពីរ។ ទីមួយ ព្រះវិហារនីមួយៗ ដែលគាត់សង់មានកំពូលស្រួចខ្ពស់ ហើយរឹងមាំមួយ។ លក្ខណៈពិសេសទីពីរនៃអាគារទាំងនោះ កាន់តែបានបង្ហាញថា លោករែនមានភាពប៉ិនប្រសប់ខ្ពស់។ គាត់បានជឿថា បង្អួចទាំងអស់របស់ព្រះវិហារ ដែលគាត់បានសង់ ត្រូវតែបំពាក់ដោយកញ្ចក់ថ្លា ដែលខុសប្លែកពីកញ្ចក់ពណ៌ដែលមានផ្ទៃល្អក់ ដែលគេនិយមប្រើនៅសម័យគាត់។ មូលហេតុដែលគាត់ប្រើកញ្ចក់ថ្លា គឺដោយសារគាត់យល់ថា “អំណោយដ៏ប្រសើរបំផុត ដែលព្រះប្រទានដល់មនុស្ស គឺពន្លឺ”។ លោករែនយល់ថា ការអនុញ្ញាតឲ្យពួកជំនុំទទួលពន្លឺថ្ងៃ ពេលពួកគេកំពុងថ្វាយបង្គំព្រះក្នុងព្រះវិហារ នាំឲ្យពួកគេបានអរសប្បាយនឹងអំណោយទាននៃពន្លឺ ដែលព្រះបានប្រទានដល់ពួកគេ។
ព្រះគម្ពីរលោកុប្បត្តិបានចែងថា ព្រះបានបង្កើតពន្លឺ នៅថ្ងៃទី១(១:៣)។ ព្រះបានបង្កើតពន្លឺមក មិនគ្រាន់តែដើម្បីឲ្យយើងឃើញអ្វីៗ នៅជុំវិញខ្លួនយើងប៉ុណ្ណោះទេ តែថែមទាំងបានបង្កើតពន្លឺមក ជានិមិត្តសញ្ញានៃការអ្វីដែលព្រះគ្រីស្ទបាននាំមក ក្នុងលោកិយដ៏ងងឹតនេះ។ គឺដូចដែលព្រះអង្គបានមានបន្ទូល ក្នុង១យ៉ូហាន ៨:១២ ថា “ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ”។ សម្រាប់អ្នកដើរតាមព្រះគ្រីស្ទ ពន្លឺស្ថិតក្នុងចំណោមនិមិត្តរូបដ៏អស្ចារ្យ ដែលរំឭកយើងអំពីលក្ខណៈសម្បត្តិរបស់ព្រះសង្រ្គោះនៃយើង និងអំពីគុណភាពនៃជីវិតដែលព្រះអង្គបានប្រទានយើង តាមរយៈការលះបង់របស់ព្រះអង្គ នៅលើឈើឆ្កាង។
លោករែនពិតជាបានគិតត្រូវមែន។ អំណោយដ៏អស្ចារ្យ ដែលព្រះប្រទានដល់មនុស្ស…